បរិយាយ​សេចក្ដី

 

     ក្បួន​រាជ​សព្ទ​នេះ កាល​ព្រះ​ពុទ្ធ​​សករាជ​កន្លង​បាន ២៣៩៩ ឆ្នាំ (គ.ស. ១៨៥៥) ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ខរាមា ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ជា​ម្ចាស់​ជីវិត​​លើ​ត្បូង​ទ្រង់​ត្រាស់​ឱ្យ​ប្រជុំ​ព្រះ​ថេរា​នុត្ថេរៈ និង​មន្ត្រី​ ដែល​ចេះ​ដឹង ដូច​នាម​បក​ប្រែ​ពាក្យ​រាជ​សព្ទ​បុរាណ​ដែល​មាន​វិបត្តិ​មក​រើ​ធ្វើ​ជា​ថ្មី​ ដើម្បី​ទុក​ឱ្យ​រាជបរិស័ទ​ហាត់​រៀន​រាល់​គ្នា ពួក​ខ្ញុំ​រាជការ​ជា​ច្រើន​ក្នុង​គ្រា​​ជាន់​នោះ​សឹង​ចាំ​ស្ទាត់​ទាំង​បុរស​ស្ត្រី។ លុះ​មក​ដល់​ពុទ្ធ​សករាជ ២៤៧៣ (គ.ស. ១៩២៩) អញ​ខ្ញុំ​បាន​ផ្ញើ​ក្បួន​រាជ​សព្ទ​ដែល​ធ្វើ​កាល​គ្រា​ជាន់​នោះ​ ទៅ​ឱ្យ​អគ្គ​លេខា​ធិការ​ពុទ្ធ​សាសន​បណ្ឌិត្យ បោះ​ពុម្ភ​ផ្សាយ​ទៀត​តែ​ឥត​មាន​កែប្រែអ្វី​បន្តិច​ទេ ដើម្បី​ទុក​ឱ្យ​ជនា​នុជន​ដែល​មាន​ឱកសា​ទំនេរ ទៅ​សន្និបាត​មើល​រឿង​ផ្សេងៗ​ដែល​មាន​ក្នុង​ព្រះ​រាជ​បណ្ណាល័យ ជា​គតិ​ឱ្យ​រុង​រឿង​សតិ​បញ្ញា​ជា​គ្រា​ទី​២។

     ឥឡូវ​នេះ​ អញ​ខ្ញុំ​ដឹង​ថា សៀវភៅ​រាជ​សព្ទ​ក្នុង​ទី​ព្រះ​រាជ​បណ្ណា​ល័យ បាន​ចំណាយ​អស់​ជា​ច្រើន​នៅ​សល់​តិច​ណាស់ គួរ​តែ​រក​ឱកាស​បោះពុម្ព​ផ្សាយ​ទៀត​ជា​ថ្មី តែ​គួរ​ធ្វើ​សង្ខេប​បែប​ខ្លី ដ្បិត​សេចក្ដី​ក្នុង​រាជសព្ទ​ជាន់​នោះ​ពិស្ដារ​ពេក​ ជន​ដែល​ចង់​ចេះ​ពុំ​អាច​ចាំ​បាន​ដោយ​ងាយ។

នោះ​យើង​បាន​ប្រជុំ​លោក​អ្នក​ចេះ​ទាំង​ឡាយ​មក​ជួយ​ធ្វើ ដូច​មាន​នាម​មក​នេះ

ព្រះ​ថេរៈ គឺ

ព្រះ​មហា​ព្រហ្ម​មុន នាម អ៊ូ

ព្រះ​ភិក្ខុ ធម្ម​សិរិ នាម សុវណ្ណ

ពួក​ឧបសក គឺ

ព្រះ​វរវោហារ នាម កែវ ក្រុម​រាជបណ្ឌិត្យ

អាចារ្យ ម៉ូត រាជ​លេខានុការ ក្នុង​សម្ដេច​ព្រះ​អយ្យការ។

     មហា​ ទិន ហួត ក្រុម​ពុទ្ធសាសនបណ្ឌិត្យ មក​ជួយ​រើស​សព្ទ​ណា​ គួរ​ប្រើ​ឱ្យ​សម​បែប​ខ្លី​ម្ដង​ទៀត​ជា​គ្រា​ទី​៣។

     ក៏​ឯ​ពាក្យ​ដែល​ហៅ​ថា​រាជ​សព្ទ​នោះ ពុំ​ចំពោះ​តែ​យក​មគធ​ភាសា និង​សំស្ក្រឹត​ភាសា​មក​ប្រើ​ទេ សូម្បី​ខេមរភាសា​ លោក​បុរាណាចារ្យ​ក៏​មាន​យក​មក​ប្រើ​ដែរ ក៏​ប៉ុន្តែ​មក​សន្មត​ហៅ​ឱ្យ​ខុស​នឹង​ពាក្យ​ប្រើ​ធម្មតា ដូច​ពាក្យ​ថា​ ផ្ទំ និង ស្រង់ ជា​ដើម។

     ឯ​រាជសព្ទ​ដែល​បោះ​ពុម្ព​ក្នុង​ព្រះ​ពុទ្ធ​សករាជ ២៤៨៥ (គ.ស. ១៩៤១) នេះ​ពុំ​បាន​ផ្លាស់​ផ្លែង​សព្ទ​ដើម​ ឬ បញ្ញត្ត​ថែម​សព្ទ​ថ្មី​ទៀត​ទេ គ្រាន់​តែ​កែ​អក្សរ​ឱ្យ​ត្រឹម​ត្រូវ និងរៀប​ពាក្យ​ឱ្យ​រៀង​តាម​លំដាប់​អក្សរ តាម​សម្ដី​​ដែល​ប្រើ​ធម្មតា ដើម្បី​ឱ្យ​ងាយ​រក​រាជ​សព្ទ​ដែល​ត្រូវ​ការ។

     ពាក្យ​ជា​រាជសព្ទ​នោះ បើ​នឹង​បញ្ញត្ត​ឱ្យ​គ្រប់​សម្ដី​ដែល​ត្រូវ​ការ​និយាយ​ទាំង​អស់ ក៏​នឹង​ក្លាយ​ទៅ​ជា​ភាសា​មួយ​ដោយ​ឡែក នាំ​ឱ្យ​ចេះ​មិន​ចប់ នឹង​នាំ​ឱ្យ​ពួក​លោក​អ្នក​មិន​ប៉ិន​ប្រសប់​រាជ​សព្ទ ធុញ​ទ្រាន់ ខ្លាច​មិន​ហ៊ាន​ចូល​មក​កាន់​ព្រះ​រាជ​សំណាក់​ផង។

     ជា​ទំនៀម​របស់​ភាសា​គ្រប់​ជាតិ តែង​មាន​បញ្ញត្ត​សព្ទ​ខ្លះ​ជា​ពិសេស សម្រាប់​និយាយ​គោរព​ដល់​ក្សត្រ​ខត្តិយ​ត្រកូល ឬ​លោក​អ្នក​មាន​សក្ដានុពល​ធំជាង​ជា​ដរាប។

     កាល​បើ​ពាក្យ​ជា​រាជសព្ទ ឬ​ពាក្យ​ខ្ពស់​សម្រាប់​ជាតិ​ត្រូវ​តែ​និយាយ​ខាន​មិន​បាន​ដូច្នេះ​ហើយ បាន​ជា​អ្នក​ខ្ញុំ​ព្យាយាម​រៀប​ចំ​ក្បួន​រាជ​សព្ទ​នេះ​ ទុក​ជា​សម្បត្តិ​ជួយ​ឱ្យ​ងាយ​ដល់​អ្នក​ត្រូវការ។

     ក្នុង​ក្បួន​រាជសព្ទ​នេះ បាន​កាត់​ចោល​ពាក្យ​ណា​ដែល​មិន​សូវ​ត្រូវ​ការ​ប្រើ​ញឹក​ញយ​បន្ថយ​ឱ្យ​តិច​ចុះ ដើម្បី​ឱ្យ​ងាយ​សិក្សា ប្រសិន​បើ​ពាក្យ​ណា​មួយ​ជា​ខេមរភាសា​ក្ដី ភាសា​អ្នក​បរទេស​ក្ដី ដែល​គ្មាន​បញ្ញត្ត​ក្នុង​ក្បួន​រាជ​សព្ទ​នេះ​ទេ ត្រូវ​និយាយ​តាម​សម្ដី​ដែល​ធ្លាប់​និយាយ​ដដែល តែ​ត្រូវ​ថែម​ពាក្យ​ថា ទ្រង់ ឬ ព្រះ នាំ​មុខ​ពាក្យ​ ដូច​ជា​កិរិយាសព្ទ​ថា ឈ្ងោក, ងាក, ថា ទ្រង់​ឈ្ងោក, ទ្រង់​ងាក ឬ​ពាក្យ​ជា​នាម​សព្ទ ថា រូប, អង្គ ថា ព្រះរូប ឬ​ព្រះបរមរូប, ព្រះ​អង្គ ជា​ដើម តាម​សមគួរ​ដល់​ពាក្យ​ដែល​គួរ​ថែម។

     មាន​ពាក្យ​ខ្លះ​ដូច​ជា នាឡិកា, សៀវភៅ, ផើង​ផ្កា នឹង​ប្រើ​ពាក្យ ព្រះ នាំ​មុខ​មិន​ពីរោះ​ត្រូវ​ប្រើ​ពាក្យ ព្រះ​រាជ​ទ្រព្យ ភ្ជាប់​ខាង​ក្រោយ​ថា នាឡិកា​ព្រះ​រាជទ្រព្យ បើ​ជា​ត្រី​សាច់​បន្លែ​ត្រូវ​ភ្ជាប់​ពាក្យ​ថា ព្រះ​ស្ងោយ ដូច​ បន្លែ​ព្រះ​ស្ងោយ… វិញ ចំណែក​ឈ្មោះ​រោគ​ផ្សេងៗ ខ្លះ​នឹង​ប្រើ​ពាក្យ​ ព្រះ ឬ ព្រះ​រាជទ្រព្យ ក៏​មិន​សម គួរ​និយាយ​ថា ប្រឈួន​ព្រះ​រោគ… វិញ។

     ន័យ​មួយ​ទៀត​ តាម​ទំនៀម​រាជ​សព្ទ​ បើ​ពាក្យ​ណា​ជា​នាម​សព្ទ ច្រើន​ប្រើ​ពាក្យ​ ព្រះ នាំ​មុខ ពាក្យ​ណា​ជា​កិរិយាសព្ទ ច្រើន​ប្រើ​ពាក្យ ទ្រង់ នាំ​មុខ តែ​គង់​លើក​ទុក​ពាក្យ​ខ្លះ ដូច​ពាក្យ​ថា ស្វេតច្ឆត្រ… មិន​មាន​ពាក្យ​ ព្រះ ព្រះ​នាំ​មុខ ពាក្យ​ថា ស្រង់ មិន​មាន​ពាក្យ​ ទ្រង់ នាំ​មុខ​ក៏​បាន។ នាម​សព្ទ​រួម​ចូល​គ្នា​ពីរ​ម៉ាត់​ដូច​ កព្រះ​ហស្ត, ស្នាប់​ព្រះ​សិរ ជា​ដើម មិន​ប្រើ​ពាក្យ​ ព្រះ ពីរដង​ថា ព្រះ​កព្រះ​ហស្ត, ព្រះ​ស្នាប់​ព្រះ​សិរ ក៏មាន ព្រះ​កនិច្ឆា​ព្រះ​ឱស្ឋ នៅ​ប្រើ​ពាក្យ​ ព្រះ ទាំង​ពីរ​ក៏​មាន។

     នាម​សព្ទ​ណា ប្រើ​ជា​កិរិយា​សព្ទ​ត្រូវ​ថែម​ពាក្យ​ថា ទ្រង់ ដូច​ពាក្យ​ថា ទ្រង់​ព្រះ​និច្ចា តែ​ពាក្យ​ខ្លះ​ដូច​ជា ទ្រង់​ក្រោធ, ទ្រង់​ប្រហារ… មិន​បាន​មាន​ពាក្យ​ ព្រះ ទេ ដោយ​ហេតុ​មិន​ស្រួល​ស្ដាប់​មិន​ពីរោះ​ត្រចៀក អ្នក​ត្រូវ​ការ​គួរ​សង្កេត​និង​លៃលក ប្រើ​ឱ្យ​សម​គួរ​តាម​សេចក្ដី​នោះ​ៗ ដូច​បាន​អធិប្បាយ​ពន្យល់​មក​ខាង​លើ​នោះ​ចុះ។

__________

វរ​ចក្រ​រណ​រិទ្ធិ